នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំ “ជំនួបសហគ្រិនវ័យក្មេង លើកទី១ ២០២៥” ដោយមានការអញ្ជើញចូលរួមពីគណៈធិបតី ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោក គី សុខគីម នាយកប្រតិបត្តិ មូលនិធិអភិវឌ្ឍន៍ជំនាញ កញ្ញា ផាន់ សុនីតា ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមមិត្តយើង និងអ្នកស្រី ទេព វឌ្ឍនា មន្ត្រីថ្នាក់ជាតិប្រចាំគម្រោងការងារសមរម្យសម្រាប់យុវជនដំណាក់កាលទី៣ នៃអង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងម្ចាស់អាជីវកម្មមកពីគ្រប់វិស័យប្រមាណជាជាង ១២០ នាក់។
ជំនួបសហគ្រិនវ័យក្មេង លើកទី១ ប្រចាំឆ្នាំ២០២៥ នេះបានផ្ដោតសំខាន់ទៅលើកិច្ចសហការជាមួយស្ថាប័នដៃគូសំខាន់ៗរួមមាន មូលនិធិអភិវឌ្ឍន៍ជំនាញ និងការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមមិត្តយើង។ បន្ថែមលើនេះ ម្ចាស់អាជីវកម្មក៏បានសិក្សាស្វែងយល់ពីនិន្នាការសកលដែលនឹងមានឥទ្ធិពលលើកិច្ចការអភិវឌ្ឍន៍វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមជារួម និងបញ្ហាប្រឈមរបស់ម្ចាស់សហគ្រាសនៅកម្ពុជា ដោយផ្អែកតាមការស្ទង់មតិ ដើម្បីជាមូលដ្ឋានក្នុងការដាក់ចេញផែនការយុទ្ធសាស្ត្រសមាគម ២០៣០ ពោលគឺដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្ដែងនៃការវិវត្តស្ថានភាពសង្គម និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
ភាពជាដៃគូរវាងសមាគម និងមូលនិធិអភិវឌ្ឍន៍ជំនាញ នឹងបើកឱកាសឱ្យសមាជិកសមាគមអាចស្វែងយល់ពីគុណប្រយោជន៍នៃការអភិវឌ្ឍជំនាញ និងការអភិវឌ្ឍខ្លួន និងស្ថាប័នជាប្រចាំសម្រាប់សហគ្រិន និងបុគ្គលិកក្នុងសហគ្រាសរបស់ខ្លួន។ ម្ចាស់អាជីវកម្មក៏បានទទួលនូវព័ត៌មានថ្មីៗទាក់ទងនឹងកម្មវិធីគាំទ្រផ្សេងៗពាក់ព័ន្ធក្នុងប្រព័ន្ធអេកូជំនាញ និងសហគ្រិនភាពទាំងក្នុង និងក្រៅប្រទេស។
ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាគមមិត្តយើង ក៏មានគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់ជំនាញ (Skill Training) បន្ថែមជំនាញ (Upskilling) ផ្លាស់ប្តូរជំនាញ (Re-skilling) ការបណ្តុះបណ្តាលចល័ត (Mobile Training) រង្វាយតម្លៃសមត្ថភាព (Recognition Prior Learning & Recognition Current Competency) និងបង្កើនផលិតភាពការងារ (Productivity Enhancement) ដើម្បីជំរុញ និងលើកស្ទួយភាពមានការងារធ្វើ មុខរបរសមរម្យ ស្ថេរភាពចំណូល និងសមត្ថភាពប្រកួតប្រជែងនៃប្រជាជនកម្ពុជា តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ ក្រោមទម្រង់នៃការបណ្តុះបណ្តាលផ្សេងៗ រួមមាន វគ្គវែង វគ្គខ្លី សិក្ខាសាលា ការចុះហាត់ការ/កម្មសិក្សា និងកម្មវិធីផ្លាស់ប្តូរនានា។