នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ អ្នកស្រី ចៅ លន់ មូលីការ ជាសមាជិកក្រុមប្រឹក្សាភិបាល បានដឹកនាំគណៈប្រតិភូតំណាងសមាគមចូលរួមវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីននៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលធ្វើឡើងក្នុងគោលបំណងស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឱកាសពាណិជ្ជកម្មរវាងកម្ពុជា-ហ្វីលីពីន ព្រមទាំងការវិនិយោគក្នុងវិស័យអចលនទ្រព្យ សំណង់ សុខាភិបាល ការថែទាំសុខភាព ការអប់រំ ឡូជីស្ទិក អាហារ និងការលក់រាយនៅកម្ពុជា។
វេទិកានេះក៏បានផ្តោតសំខាន់ផងដែរទៅលើចក្ខុវិស័យក្នុងវិស័យធុរកិច្ច ការអភិវឌ្ឍវិស័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក៏ដូចជាផ្តល់ឱកាសដល់អ្នកចូលរួមទទួលបាននូវចំណេះដឹង និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូជាតិ-អន្តរជាតិ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ក៏ដូចជាស្វែងរកឱកាសថ្មីៗក្នុងការវិនិយោគជាមួយវិនិយោគិនហ្វីលីពីនផងដែរ។
នៅក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមចែករំលែកបទបង្ហាញពីវាគ្មិនកម្ពុជា និងហ្វីលីពីនលើប្រធានបទពាក់ព័ន្ធជាច្រើន រួមមានការជំរុញពាណិជ្ជកម្ម ទាក់ទាញវិនិយោគ ឱកាសធ្វើធុរកិច្ច ច្បាប់វិនិយោគនៅកម្ពុជា និងការលើកកម្ពស់ធុរកិច្ចស្រ្តី។
វេទិកាធុរកិច្ចខាងលើត្រូវបានសហការរៀបចំឡើងដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្មកម្ពុជា ស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មហ្វីលីពីនប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ភាគីពាក់ព័ន្ធសរុបប្រមាណ ១៥០ រូប។