ការជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា

March 26, 2025

នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានចូលរួមចុះអនុស្សរណៈនៃការយោគយល់ស្តីពី “ការជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា” ស្ថិតនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា។

អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយចំណេះដឹង និង ជំនាញបច្ចេកវិទ្យាថ្មីៗដល់ធុរជន ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សំដៅកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថលនៅកម្ពុជា ឱ្យកាន់តែមានភាពរស់រវើក។

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេង បានលើកឡើងថា៖ “សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានទស្សនៈវិស័យចង់ឃើញសហគ្រិន និងពាណិជ្ជករកម្ពុជាទាំងអស់ ប្រកបរបរអាជីវកម្មប្រកបដោយបច្ចេកវិទ្យានវានុវត្តន៏ បរិយាបន្ន និងមានសមត្ថភាពប្រកួតប្រជែងនៅលើថ្នាក់តំបន់ និងអន្តរជាតិដើម្បីចូលរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍប្រទេសជាតិ។ បេសកកម្មរបស់សមាគមគឺផ្តោតលើការជំរុញ តាមរយៈភាពជាដៃគូសហការ និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្តដែលលើកកម្ពស់ការទទួលយកឌីជីថលភាវូបនីយកម្ម ការលើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ការពង្រឹងសហគ្រិនភាព និងបរិយាកាសគោលនយោបាយគាំទ្រដល់ធុរកិច្ច នឹងកំពុងដាក់ដំណើរការគម្រោងមួយហៅថា “ការពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល” ដែលមានការគាំទ្រដោយមូលនិធិ ស.អ (CBRD) តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយផ្ទាល់។”

គួរបញ្ជាក់ថា គម្រោងនេះមានវគ្គបណ្ដុះបណ្ដាល ចំនួន ៦ វគ្គ ដែលក្នុងមួយវគ្គមាន ៥០ សហគ្រាសចូលរួមសិក្សាទៅលើជំនាញឌីជីថល និង ពាណិជ្ជកម្មអេឡិចត្រូនិច ដើម្បីចូលរូមចំណែកក្នុងការអភិវឌ្ឍសហគ្រិន និងម្ចាស់អាជីវកម្ម។ លើសពីនេះផងដែរ សមាគមបាននិងកំពុងរៀបចំនូវមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគ្រិន ឬ Entrepreneurship Tech Center (ETC) ដែលមានទីតាំងស្ថិតនៅផ្សារអូឡាំព្យា សម្រាប់គាំទ្រដល់សហគ្រិន និងម្ចាស់អាជីវកម្ម លើជំនាញ និងលទ្ធភាពទទួលបានការគាំទ្រនានាពីសមាគម និងដៃគូពាក់ព័ន្ធ ជាពិសេសឧបករណ៍បច្ចេកវិទ្យាទំនើបៗ និងសេវាកម្មជាច្រើនដែល ETC នឹងផ្ដល់ជូន។