ភ្នំពេញ នៅផ្សារទំនើបអូឡាំព្យាម៉ល ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC-វ៉ាយ អ៊ី អេ ស៊ី) នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នឹងរៀបចំកិច្ចជំនួបសមាជិកដែលជាម្ចាស់អាជីវកម្ម (CEO GATHERING) លើកទី៣ សរុបជាង១៥០នាក់ ដើម្បីត្រៀមខ្លួន និងឈានទៅប្រកាសជាផ្លូវការដឹកនាំក្នុងនាមជាម្ចាស់ផ្ទះទទួលពីភារៈរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Council – AYEC) និងមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខដ៏ឆាប់នេះ។ កិច្ចជំនួបសមាជិកដែលជាម្ចាស់អាជីវកម្ម 3rd CEO Gathering នេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង៖
១. ផ្សារភ្ជាប់ទំនាក់ទំនងជាមួយសមាជិកសមាជិកាឲ្យកាន់តែជិតស្និទ
២. ធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាព និងគម្រោងរបស់ YEAC ទៅកាន់សមាជិក
៣. ចែករំលែកអំពីការផ្តល់ជូន និងអទិភាពពិសេសសម្រាប់សមាជិក
៤. ធ្វើបច្ចុប្បន្នភាពអំពីការអនុលោមតាមច្បាប់ស្ដីពីការងារ
៥. ការចុះអនុស្សារណៈរវាង និយ័តករបរធនបាលកិច្ច និង YEAC
កម្មវិធីនេះមានវត្តមានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ និយ័តករបរធនបាលកិច្ច ថ្នាក់ដឹកនាំ និងសមាជិកសមាជិការបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាប្រមាណជាង1៥0 នាក់ បានចូលរួម និងអបអរសាទរនៅក្នុងកម្មវិធី។