ថ្ងៃទី៦ ខែកក្កដា សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងអង្គការអុកស្វាម សហការរៀបចំ “វេទិកាធុរកិច្ចប្រកបដោយនិរន្តរភាព” ក្រោមប្រធានបទ “រួមគ្នាដើម្បីភាពរីកចម្រើនរបស់ សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា” ដើម្បីលើកកម្ពស់ការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ បរិយាប័ន្ន និងនិរន្តរភាពនៅកម្ពុជា។វេទិកាធុរកិច្ចប្រកបដោយនិរន្តរភាពត្រូវបានរៀបចំឡើង ក្នុងគោលបំណងចែករំលែកអំពី ការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព មេរៀនពិសោធន៍ល្អៗ និងបញ្ហាប្រឈមរបស់សហគ្រាស ដោយផ្អែកលើទស្សនទានរបស់តួអង្គផ្សេងៗគ្នាមកពីវិស័យឯកជន វិស័យសាធារណៈ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ តាមរយៈការអនុវត្តទម្លាប់មានចីរភាព បណ្ដាក្រុមហ៊ុននានា អាចកាត់បន្ថយការបំភាយឧស្ម័នកាបូនិក កាត់បន្ថយកាកសំណល់ និងការបំពុល និងអភិរក្សធនធានធម្មជាតិ។ ជាងនេះទៅទៀត ពួកគេអាចកសាងកេរ្តិ៍ឈ្មោះជាវិជ្ជមាន បង្កើនភាពស្មោះត្រង់ពីអតិថិជន និងទាក់ទាញកម្លាំងពលកម្មជំនាញថែមទៀតផង។