១. រាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាដៃគូយ៉ាងសំខាន់ដែលត្រូវធ្វើការជាមួយគ្នា និងសហការគ្នាយ៉ាងស្អិតរមួត ដោយមិនអាចខ្វះភាគីណាមួយបាននោះឡើយ ដោយហេតុថា វិស័យឯកជនគឺជាសរសៃឈាមនៃដង្ហើមសេដ្ឋកិច្ចជាតិ។ ដើម្បីសម្រេចបាននូវគុណតម្លៃរួមតែមួយ និងជោគវាសនារួមគ្នាក្នុងបុព្វហេតុជាតិមាតុភូមិ, រាជរដ្ឋាភិបាល និងវិស័យឯកជន ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះ “រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ” ដែលជាការសកម្មភាពយ៉ាងប្រទាក់ក្រឡារវាងតួអង្គទាំងពីរ ដើម្បីធានាបាននូវការប្រកួតប្រជែងលើឆាកអន្តរជាតិ និងការចាប់យកទីផ្សារ ដែលនឹងជួយដល់ការលូតលាស់នៃសេដ្ឋកិច្ចជាតិ ជាពិសេសការឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់។
ឈរលើគោលដៅរួមគ្នានេះ, រាជរដ្ឋាភិបាល បានបន្តប្តេជ្ញាធានាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សំដៅធ្វើយ៉ាងណាបង្កើតបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍរីកចម្រើននៃវិស័យឯកជន ដូចដែលបានអនុវត្តកន្លងមក និងដោយខិតខំធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ក្នុងន័យនេះ, រាជរដ្ឋាភិបាល នឹងមិនរុញរាឡើយក្នុងការផ្តល់នូវសិទ្ធិ ដោយភ្ជាប់ជាមួយនឹងការទទួលខុសត្រូវ ជូនដល់វិស័យឯកជន ហើយវិស័យឯកជនខ្លួនឯង ចាំបាច់ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសការប្រកាន់ខ្ជាប់នូវផ្នត់គំនិតបោះជំហានដើររួមគ្នាដោយម៉ឺងម៉ាត់ច្បាស់លាស់ និងឆ្ពោះទៅគោលដៅតែមួយ គឺ “ខ្មែរធ្វើបាន”។