ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ – សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) បានរៀបចំកម្មវិធី CEO Gathering លើកទី១ ឆ្នាំ២០២២ ក្រោមប្រធានបទ “ច្បាប់វិនិយោគថ្មី” ក្នុងគោលបំណង ដើម្បីចែករំលែកចំណេះដឹង និងព័ត៌មានសំខាន់ៗ អំពី ច្បាប់វិនិយោគថ្មី ព្រមទាំងការជួបជុំជាមួយសមាជិកសមាគម ដើម្បីបង្ហាញពីវឌ្ឍភាពនិងផែនការបន្ទាប់របស់សមាគម។
កម្មវិធីនេះមានវត្តមានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្តល់កិតិយសចូលរួម ជាពិសេស ផ្តល់បទបាឋកថា ពីច្បាប់វិនិយោគថ្មី។
លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាមានប្រសាសន៍ថាការគាំទ្រសមាជិកអោយទទួលបាននូវហិរញ្ញបទាន Access to Finance គឺទិសដៅយុទ្ធសាស្រ្តអាទិភាពមួយក្នុងចំណោមទិសដៅយុទ្ធសាស្រ្តសំខាន់ទាំង ៦របស់សមាគម។ កន្លងមកសមាគមបានបង្កើតនូវវេទិការចែករំលែក និងផ្គូរផ្គងរវាងសមាជិកនិងវិនិយោគិនដែលជាប្រយោជន៍ឲ្យមានឳកាសវិនិយោគនិងទទួលបានហិរញ្ញប្បទានមូលធន (Equity Financing)។ បទបង្ហាញពីច្បាប់វិនិយោគថ្មី របស់ឯកឧត្តមថ្ងៃនេះនឹងចូលរួមចំណែកបន្ថែមទៀតដើម្បីពង្រឹងចំណេះដឹងដល់សមាជិកសមាគម ពីច្បាប់និងគោលនយោបាយវិនិយោគ នឹងចូលរួមតម្រង់ទិសដើម្បីសម្រេចបាននូវទិសដៅយុទ្ធសាស្ត្រសមាគមផងដែរ។