ភ្នំពេញ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានចូលរួមគាំទ្ររៀបចំសិក្ខាសាលា ស្តីពី “កិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)” ដោយមានការរៀបចំដោយចំដោយក្រសួងពាណិជ្ជកម្មកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយគម្រោងពាណិជ្ជកម្មក្នុងតំបន់សម្រាប់ការអភិវឌ្ឍន៍ (RT4D) ដើម្បីបង្កើនការយល់ដឹងរបស់វិស័យឯកជននៅកម្ពុជា និងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀង RCEP នៅកម្ពុជា។
សិក្ខាសាលានេះបានផ្ដល់នូវទិដ្ឋភាពរួមនៃបទប្បញ្ញត្តិពាណិជ្ជកម្ម នីតិវិធីគយ និងវិធានដើមកំណើតទំនិញ ដើម្បីជំរុញធុរកិច្ចកម្ពុជាឱ្យចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍សម្រាប់ពាណិជ្ជកម្មអន្តរជាតិ។
សិក្ខាសាលានេះផ្តួចផ្តើមឡើងក្នុងគោលបំណងដូចខាក្រោម៖
• ពង្រឹងការយល់ដឹងអំពីអត្ថប្រយោជន៍ RCEP សម្រាប់សហគ្រាសធុនតូច និងមធ្យម៖ ដើម្បីបង្កើនការយល់ដឹងក្នុងចំណោមវិស័យឯកជន រួមទាំងសហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រី ជាពិសេសលើពាណិជ្ជកម្មទំនិញ។ សិក្ខាលាសានេះមានសារៈសំខាន់ណាស់ ដោយសារ RCEP មានគោលបំណងបង្កើតបរិយាកាសពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ដែលមានលក្ខណៈសេរី និងងាយស្រួលជាងមុន។
• ពង្រឹងចំណេះដឹងអំពីតម្រូវការនាំចេញ និងនាំចូលក្រោមក្របខ័ណ្ឌ RCEP៖ ផ្តល់ព័ត៌មានអំពីតម្រូវការបច្ចេកទេសសម្រាប់ការនាំចេញ និងនាំចូលក្រោមកិច្ចព្រមព្រៀង RCEP សម្រាប់ពាណិជ្ជកម្មទំនិញ ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យមអាចទទួលបានអត្ថប្រយោជន៍ដែល RCEP ផ្តល់ជូន។
• ផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការនាំចេញ និងនាំចូលទៅកាន់ និងពីទីផ្សារ RCEP ដោយផ្តោតលើផលិតផលជាក់លាក់ និងទីផ្សារជាក់លាក់នូវឱកាស បញ្ហាប្រឈម និងយុទ្ធសាស្ត្រ ដើម្បីដោះស្រាយនូវបញ្ហាទាំងនោះ។