ខេត្តសៀមរាបៈ នារសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ – សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានរៀបចំកម្មវិធីសន្និបាតពាក់កណ្តាលឆ្នាំ ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់ពី លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានកម្ពុជា អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាប្រធានសាខាទាំងអស់របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា , ក្រុមប្រឹក្សាភិបាល និង សមាជិកទាំងអស់របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាមកពីគ្រប់សាខាទាំងអស់នៅតាមបណ្តាខេត្តដូចជាខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តសៀមរាប ខេត្តកំពង់ចាម និងទីក្រុងភ្នំពេញ។
កម្មវិធីសន្និបាតពាក់កណ្តាលឆ្នាំនេះបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅដោយលោក ថោង ប៊ុនថារី ប្រធានសាខាសមាគមសហគ្រិនវ័យក្មេងប្រចាំខេត្តសៀមរាប និង បើកកម្មវិធីដោយលោក ស៊ាង សុបញ្ញាប្រធានសមាគមសហគ្រិនវ័យក្មេងថ្នាក់ជាតិ ។ លោកស៊ាង សុបញ្ញាបានមានប្រសាសន៍បន្ថែមថា “ដូចសព្វមួយដង កម្មវិធីសន្និបាតប្រចាំឆ្នាំរបស់សមាគម គឺជាកម្មវិធីដែលរៀបចំឡើងក្នុងចំណោមសមាជិក សមាជិកាសមាគម នៅទូទាំងប្រទេស រួមជាមួយម្ចាស់ជំនួយ អ្នកឧបត្ថម្ភគាំទ្រដល់សមាគម ដើម្បីផ្តល់ឱកាសឲ្យសមាជិកទាំងអស់ បានទទួលនូវព័ត៌មានសំខាន់ៗ និងសមិទ្ធផលសម្រេចបានសម្រាប់សមាគម ក្នុងឆ្នាំកន្លងមក និងលើកទិសដៅសម្រាប់ឆ្នាំបន្ត។ ជាមួយគ្នានេះ កម្មវិធីសន្និបាតប្រចាំឆ្នាំរបស់យើង ក៏ធ្វើឡើងដើម្បីផ្តល់ឱកាសកសាងបណ្តាញអាជីវកម្មក្នុងចំណោមសមាជិក ម្ចាស់ជំនួយ និងអ្នកឧបត្ថម្ភគាំទ្រដល់សមាគមផងដែរ។ “
តាមរយ:កម្មវិធីសន្និបាតនេះ គ្រប់សាខារបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាទាំងអស់រួមមាន ភ្នំពេញ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម ក្រចេះ និង ព្រះសីហនុ ក៏បានចែករំលែកនូវបទពិសោធន៍ ភាពជោគជ័យក្នុងឆ្នាំ២០២១ និង ផែនការសម្រាប់ឆ្នាំ២០២២។
នៅក្នុងកម្មវិធីសន្និបាតកន្លះឆ្នាំថ្ងៃ នេះផងដែរ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចុះអនុស្សារណៈនៃការយោគយល់ក្នុងការផ្តល់ហិរញ្ញប្បទានដល់សមាជិករបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីមានលទ្ធភាព ក្នុងការពង្រីកអាជីវកម្មឲ្យកាន់តែទូលំទូលាយ។