កម្មវិធីចុះហត្ថលេខាដោយឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងលោក Raymond Sia Say Guan អគ្គនាយក និងនាយកក្រុមប្រឹក្សាប្រតិបត្តិធនាគារកាណាឌីយ៉ា

December 28, 2022
ភ្នំពេញ៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលជាសមាគមបណ្ដុំទៅដោយសហគ្រិនវ័យក្មេងកម្ពុជាដ៏មានសក្ដានុពល បានចុះអនុស្សរណ:នៃការយោគយល់គ្នាជាមួយធនាគារកាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជកម្មឈានមុខគេនៅកម្ពុជា ក្នុងគោលបំណងផ្ដល់ឥណទានគ្មានទ្រព្យធានាដែលមានលក្ខណ្ឌពិសេសដល់សមាជិក-សមាជិកានៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាពិសេសសហគ្រិនស្ត្រី។
កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅដោយមានវត្តមានចូលរួមចុះហត្ថលេខាដោយឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងលោក Raymond Sia Say Guan អគ្គនាយក និងនាយកក្រុមប្រឹក្សាប្រតិបត្តិធនាគារកាណាឌីយ៉ា។ លើសពីនេះ កម្មវិធីក៏មានវត្តមានចូលរួមពីដៃគូសហការសំខាន់ៗ និងក្រុមប្រឹក្សាភិបាល ក៏ដូចជាគណៈគ្រប់គ្រងនៃលេខាធិការដ្ឋានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសហគ្រិនវ័យក្មេងដែលជាម្ចាស់អាជីវកម្មជាច្រើនរូប អបអរសាទរ និងជាសាក្សីទទួលស្គាល់នូវព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះផងដែរ។
ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានមានប្រសាសន៍ថា «នេះគឺជាធនាគារពាណិជ្ជដំបូងគេបង្អស់ដែលចាប់ដៃគូជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការផ្តល់ប្រាក់កម្ចីដោយមិនត្រូវការទ្រព្យបញ្ចាំដល់សមាជិករបស់សមាគម។ នេះសបញ្ជាក់ឱ្យឃើញថា ធនាគារកាណាឌីយ៉ាពិតជាផ្តល់អាទិភាព និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ យើងនឹងបន្តធ្វើការក្នុងភាពជាដៃគូជាមួយធនាគារកាណាឌីយ៉ា ជាធ្លុងមួយ ក្នុងការផ្តល់សេវាហិរញ្ញប្បទានដើម្បីផលប្រយោជន៍រួមដល់សមាជិករបស់សមាគម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាជារួម»។
ការចុះអនុស្សរណ:នៃការយោគយល់គ្នារវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជានិងធនាគារកាណាឌីយ៉ា នឹងផ្ដល់ឱកាសដល់សមាជិក-សមាជិកានៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការទទួលបាននូវឥណទានដោយមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ។ ការណ៍នេះបានអនុញ្ញាតឱ្យអាជីវកម្មធុនតូច និងមធ្យមទាំងអស់អាចទទួលបាននូវឥណទានសម្រាប់ប្រើប្រាស់ជាទុនបង្វិល ឥណទានសម្រាប់ប្រើប្រាស់ក្នុងការវិនិយោគ ឬ ពង្រីកអាជីវកម្មដែលមានស្រាប់បន្ថែមទៀត។ ទាំងអស់នេះគឺសុទ្ធសឹងតែជាយុទ្ធសាស្ត្រដើម្បីឈានឆ្ពោះទៅរកការទទួលបាននូវហិរញ្ញប្បទានប្រកបដោយសមធម៌ និងដែលជាអាទិភាពទី១ នៃយុទ្ធសាស្ត្រឆ្នាំ២០២៥ បន្ថែមលើអាទិភាព៥ផ្សេងទៀតរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា។
————————————
សម្រាប់ព័ត៌មានបន្ថែម៖
ទំនាក់ទំនង: +855 96 334 8935/ 16 999 762
អ៊ីម៉ែល: program@yeacambodia.org