ប្រទេសកម្ពុជា នាព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ – លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ និងអ្នកស្រី Deborah Melissa Bottreau អគ្គលេខាធិការ AYEA បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងអាស៊ានលើកទី២ ដែលមានការចូលរួមសមាគមសហគ្រិនវ័យក្មេងពីប្រទេសសមាជិកអាស៊ាន សហគ្រិនអាស៊ាន ដើម្បីជជែកពិភាក្សា និងធ្វើបច្ចុប្បន្នភាពពីវឌ្ឍនៈភាពរបស់ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន ការត្រៀមរៀបចំមហោស្របសហគ្រិនវ័យក្មេងអាស៊ានលើទី៧នៅកម្ពុជា និងផែនការធុរកិច្ចអាស៊ាន ក៏ដូចគោលនយោបាយធុរកិច្ចតំបន់អាស៊ាន និង ក្លឹបសហគ្រិនស្រ្តីអាស៊ាន។
នៅឆ្នាំក្នុងឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងអាស៊ាន បាននឹងកំពុងរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមមានកិច្ចប្រជុំក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងអាស៊ាន និងមហោស្របសហគ្រិនវ័យក្មេងអាស៊ានលើទី៧ដែលគ្រោងប្រារព្វនៅខែវិច្ឆិកា២០២២ ក្រោមប្រធានបទ “ងើបឡើងវិញនិងអភិវឌ្ឍខ្លួនឲ្យកាន់តែខ្លាំងជាមួយគ្នា” រួមជាមួយនឹងព្រឹត្តិការណ៍ភាគីជាច្រើនដូចជា កិច្ចពិភាក្សាដែលផ្តោតសំខាន់លើ ឌីជីថលភាវូបនីយកម្ម និងការវិវឌ្ឍនៃអាស៊ាន ក្លឹបសហគ្រិនស្ត្រីវ័យក្មេងអាស៊ាន និងវេទិកាសន្ទនាគោលនយោបាយ ក៏ដូចជារបៀបវារៈផ្សេងទៀតដែលគាំទ្រ និងលើកកម្ពស់សហគ្រិនវ័យក្មេងអាស៊ាន។