អូស្ត្រាលី នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣, ឧកញ៉ាបិុច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានដឹកនាំគណៈប្រតិភូសមាជិកចូលរួមសន្និបាត Global Entrepreneurship Congress (GEC) 2023។ ស្ថិតក្នុងឱកាសនោះផងដែរ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងបណ្ដាញសហគ្រិនភាពសកលកម្ពុជា (GEN Cambodia) បានចុះអនុស្សារណៈយោគយល់ជាមួួយបណ្ដាញសហគ្រិនភាពសកល (GEN Global) ដើម្បីបន្តធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ “ទិវាសប្ដាហ៍សហគ្រិនភាពសកល-កម្ពុជា២០២៣” ដែលនឹងប្រព្រឹត្តឡើងឡើងចាប់ពីថ្ងៃទី១៣ ដល់ ១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបណ្ដាខេត្តមួយចំនួនដូចជាខេត្តសៀមរាប បាត់ដំបង កំពង់ចាម បន្ទាយមានជ័យ ក្រចេះ ព្រះសីហនុ និងភ្នំពេញ។ទិវាសប្ដាហ៍សហគ្រិនភាពសកលគឺជាទិវាដ៏ធំបំផុតរបស់សកលលោកសម្រាប់សហគ្រិន និងអ្នកច្នៃប្រឌិត។ ទិវានេះត្រូវបានរៀបចំឡើងនៅក្នុងសប្ដាហ៍ទី៣នៃ ខែវិច្ឆិកាដូចៗគ្នាប្រមាណជាង១៧០ប្រទេស ដែលមានអ្នកចូលរួមសរុប១០លាននាក់នៅក្នុងព្រឹត្តិការណ៍ជាង៣៥០០០ក្នុងពេលដំណាលគ្នាក្នុងរយ:ពេលមួយសប្ដាហ៍ ដើម្បីចូលរួម ក៏ដូចជាសារភ្ជាប់បណ្ដាញជាមួយនឹងអ្នកដែលមានសកដានុពល អ្នកបណ្ដុះបណ្ដាលនិងអ្នកវិនិយោគ។