នៅថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរៀបចំកម្មវិធីជំនួបម្ចាស់អាជីវកម្មលើកទី៤ និងជំនួបរវាងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុលើកទី២។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាប្រភពផ្តល់ឥណទាន និងទុន ជាមួយនឹងសហគ្រាសធុនមីក្រូ តូច និងធម្យម និងសហគ្រិនស្រ្តី ដែលមានតម្រូវការដើមទុនសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេ។ ព្រឹត្តិការណ៍នេះក៏ផ្តល់ជាវេទិកាសម្រាប់សហគ្រាសធុនមីក្រូ តូច និងធម្យម និងសហគ្រិនស្រ្តីផងដែរ ដើម្បីទទួលបានព័ត៌មានថ្មីៗស្តីពីការទទួលបានសេវាហិរញ្ញវត្ថុ ការវិវត្តនៃវិស័យហិរញ្ញវត្ថុ និងជជែកពិភាក្សាអំពីឱកាស បញ្ហាប្រឈមថ្មីៗ និងដំណោះស្រាយចាំបាច់ក្នុងការជួយជ្រោមជ្រែងដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគ្រិនស្រ្តី ពីសំណាក់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
សូមជម្រាបថា បន្ទាប់ពីសមាគមទាំងបីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ ក្នុងការចូលរួមចំណែកលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា សកម្មភាពនានាត្រូវបានដាក់ចេញ និងអនុវត្តដោយសមាគមទាំងបី ក្នុងនោះរួមមាន៖ ការរៀបចំសិក្ខាសាលារួមគ្នា ការដាក់ឱ្យអនុវត្តនូវកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលហៅជាភាសាអង់គ្លេសថា “Access to Finance Program—AFP” ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេសសហគ្រិនស្រ្តីដើម្បីទទួលបានហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុចូលរួម និងការកសាងសមត្ថភាព រួមមានការបណ្តុះបណ្តាលអំពីការគ្រប់គ្រងសាច់ប្រាក់ ទុនបង្វិល ពិសេសការស្វែងយល់អំពីរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម។
————————————-
Contact: (+855) 16 999 762/ 70 263 864
Email: secretariat@yeacambodia.org