នារសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅក្រសួងកិច្ចការនារី លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី នៃក្រសួងកិច្ចការនារី បានទទួលជួបសម្តែងការគួរសមជាមួយគណប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយ លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ រួមជាមួយ លោកស្រី យូ បូរី ជាប្រធានខ្លឹបសហគ្រិនស្ត្រីអាស៊ានក្នុងឆ្នាំ២០២២ ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំសមាគម។
ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំ លោក ស៊ាង សុបញ្ញា បានផ្តល់ព័ត៌មានទូទៅ និងគោលបំណងសំខាន់នៃកម្មវិធីមហោស្រពសហគ្រិនវ័យក្មេង អាស៊ានក្នុងការ ទាក់ទាញវិនិយោគទុន ដើម្បីបន្តអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយនិរន្តរិ៍ភាព។ លោកស្រីប្រធានខ្លឹបសហគ្រិនស្ត្រីអាស៊ាន បានផ្តល់ជា ព័ត៌មានសំខាន់ៗមួយចំនួនទាក់ទងទៅនឹងតួនាទីរបស់ខ្លឹបសហគ្រិនស្ត្រីអាស៊ាន។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី នៃក្រសួងកិច្ចការនារី បានផ្តល់កិច្ចស្វាគមន៍យ៉ាងកក់ក្កៅ និងបានវាយតម្លៃខ្ពស់ ចំពោះសមាគម សហគ្រិនវ័យក្មេងកម្ពុជា ដែលតែងតែលេចធ្លោក្នុងការជួយអភិវឌ្ឍសហគ្រិន និងអបអរសាទរសម្រាប់សមិទ្ធិផល ដែលសមាគមសម្រេចបាននាពេលកន្លងមក។
ជាចុងក្រោយនៃកិច្ចប្រជុំ ក្រសួងកិច្ចការនារី បានលើកទឹកចិត្ត និងអនុញ្ញត្តិអោយសមាគម ចូលរួមសហការនូវកម្មវិធីសំខាន់ៗទាំងនៅក្នុងប្រទេស និងអន្តរជាតិ សំដៅដល់ការលើកកម្ពស់សហគ្រិនស្ត្រីកម្ពុជាក្នុងភាពជាអ្នកដឹកនាំ និងមានការអភិវឌ្ឍអាជីវកម្មក្នុងទីផ្សារជាតិ និងអន្តរជាតិ។