លទ្ធផលសង្ខេប កម្មវិធីលទ្ធភាពទទួលបានហរិញ្ញវត្ថុ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម

September 2, 2021

សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានផ្តួចផ្តើម និងអនុវត្ត កម្មវិធីលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម (AFP) ដោយមានការសហការឧបត្ថម្ភថវិកាពីសហគ្រិនខ្មែរ និងគម្រោងមូលនិធិទឹកប្រាក់ចំនួន១លានដុល្លា ររបស់ក្រុមហ៊ុនស្មាត ដើម្បីប្រឆាំងវីរុសកូវីដ-១៩ ក្នុងគោលបំណងផ្តល់ជំនួយបច្ចេកទេសទៅកាន់សហគ្រាសធុនមីក្រូ តូច និង មធ្យម ក្នុងការដាក់ពាក្យកម្ចីទៅស្ថាប័នហិរញ្ញវត្ថុនានា។

រយៈពេល១៦ខែ ក្រោយកិច្ចដំណើរការកម្មវិធី AFP សហគ្រិនចំនួន ២៣២នាក់ បានចូលរួមក្នុងកម្មវិធី និងបានទទួលទឹកប្រាក់កម្ចីចំនួន ៩៨០ ០០០ ដុល្លា ដែលផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុ។ ក្រៅពីបានទទួលកម្ចីហិរញ្ញវត្ថុ ស្គ្រិនទាំងអស់ បានទទួលការកសាងសមត្ថភាព តាមរយៈវគ្គបណ្តុះបណ្តាលអំពីការគ្រប់គ្រងសាច់ប្រាក់ ទុកបង្វិល ពិសេសការស្វែងយល់អំពីរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។ ដោយឡែក សហគ្រិនចំនួន ២៧នាក់ នៃសហគ្រិនសរុប បានទទួលជំនួយបច្ចេកទេសក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុ ដែលបានផ្តល់ដោយក្រុមហ៊ុនបញ្ជី។

បន្ថែមពីកិច្ចការសម្របសម្រួល និងផ្តល់ជំនួយបច្ចេកទេសជូនដល់សហគ្រិន សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានសម្រេចលទ្ធផលសំខាន់ៗដូចខាងក្រោម៖
– ផលិតសៀវភៅតូចអំពីមង្គុទេសធនាគារ ដែលផ្តល់ព័ត៌មានសំខាន់ៗដល់សហគ្រិនស្តីពីកម្ចីធុរកិច្ច និងMSMEs ដែលផ្តល់ភាពងាយស្រួលក្នុងការប្រៀបធៀបផលិតផលកម្ចី។ នេះគឺជាធាតុយ៉ាងសំខាន់ក្នុងការសម្រេចចិត្តដាក់សំណើកម្ចីទៅធនាគារណាមួយស្របនឹងលក្ខខណ្ឌរបស់សហគ្រិន។
– កិច្ចសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៤ដែលផ្តល់កម្ចីពិសេសដល់សហគ្រិន
– រៀបចំសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានអំពីកម្ចី ដោយមានវត្តមានពីអ្នកតំណាងមកពីធនាគារផ្សេងៗ ដើម្បីផ្តល់ព័ត៌មាន និងខ្លឹមសារសំខាន់ៗជូនដល់សហគ្រិន ក្នុងការត្រៀមលក្ខណៈដាក់ពាក្យកម្ជី។ ព័ត៌មានទាក់ទងនឹងឯកសារទាមទាពីធនាគារ ផលិតផលកម្ចីរបស់ធនាគារ លក្ខខណ្ឌតម្រូវផ្សេងៗដែត្រូវបំពេញ និងកញ្ចប់សេវាកម្មនានាជូនដល់សហគ្រិនផងដែរ។
ដោយមានកាគាំទ្រពីគណៈកម្មាធិការទី១ (គណៈកម្មធិការ ហិរញ្ញប្បទាន និងវិនិយោគសម្រាប់សហគ្រាស ខ្នាតមីក្រូ តូច និងមធ្យម) របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមនឹងបន្តអនុវត្តកម្មវិធីលទ្ធភាពទទួលបានហិរញ្ញវត្ថុនេះបន្ថែមទៀត រួមមាន គម្រោងមូលិធិពិសេសសម្រាប់សហគ្រិន ការធ្វើបច្ចប្បន្នភាពកូនសៀវភៅស្តីអំពីមង្គុទេសធនាគារ ដោយដាក់បញ្ជូលបន្ថែមស្ថាប័នហិរញ្ញវត្ថុ និងកម្មវិធីកសាងសមត្ថភាពជុំវិញការគ្រប់គ្រងហិរញ្ញវត្ថុរបស់សហគ្រិន។
អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEACវ៉ាយអ៊ីអេស៊ី)

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រី តាមរយៈការបង្កើតវេទិកា ការចងក្រង និងការពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងការបង្កើតនូវឱកាសអាជីវកម្មនានា ក្នុងគោលដៅបង្កើនផលិតភាព បង្កើតការងារ អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មី របស់សហគ្រាសធុនមីក្រូ តូចនិងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេងមានសមាជិកចំនួន៤០០ ដែលជាម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម។ សមាគមមានសាខាតាមខេត្តចំនួន៤ គឺកំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។ សមាគមគ្រោងនឹងពង្រីកទៅកាន់ខេត្តផ្សេងទៀត ជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន៕
ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០៩៦ ៣៣៤ ៨៩៣៥