(ភាសាខ្មែរ) នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សមាគមសហគ្រិនវ័យក្មេងកុម្ពុជា ប្រារព្ធនៅឧទ្យានជាតិគិរីរម្យ រយៈពេលពីរថ្ងៃ ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងគោលបំណង ១) កសាងទំនាក់ទំនង ភាពស្និទ្ធស្នាល រវាងសមាជិកក្រុមប្រឹក្សាភិបាល ២) ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធផលសំខាន់ៗរបស់សមាគម ៣). ធ្វើបច្ចុប្បន្នភាពថវិកា ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំបន្តបន្ទាប់ ៤). ជជែកពីផែនការសកម្មភាពសំខាន់ៗសម្រាប់ពង្រីកសមាគមនិងសាខា។
ជាក់ស្ដែង ឧកញ៉ា ប៉ិច បូឡែន បានសង្កត់ធ្ងន់ថា ផែនការយុទ្ធសាស្រ្តទាំង ៦ របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាគឺជាកម្លាំងចលករសម្រាប់វឌ្ឍនភាពរបស់សហគ្រិនវ័យក្មេង។ សមាគមនឹងបន្តផ្តោតទៅលើផែនការយុទសាស្រ្តទាំងនេះបន្តទៅមុខទៀតរហូតដល់ឆ្នាំ ២០២៦។
នៅក្នុងកិច្ចប្រជុំនេះផងដែរ លោក ស៊ឹម ចន្ទគិរីរ័ត្ន អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានធ្វើការឆ្លុះបញ្ចាំងពីទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៥ និងកំណត់ទិសដៅអាទិភាពសមាគមសម្រាប់៥ឆ្នាំបន្ទាប់ក៏ដូច បទបង្ហាញពីគម្រោងថវិកាចំណាយដល់ឆ្នាំ២០២៦។