(ភាសាខ្មែរ)
ខេត្តព្រះសីហនុ៖ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ (YEAC-SHV) បានរៀបចំកម្មវិធីសម្ពោធសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ ក្រោមធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ឯកឧត្តម ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ និងជាទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា អនុប្រធានគ្រប់គ្រងគម្រោងសហគ្រិននារីសកម្មនៃអង្គការផេកប្រចាំនៅកម្ពុជា និងមានការចូលរួមពី ម្ចាស់អាជីវកម្មប្រមាណជា ១៧០រូប ដែលបានចូលរួមដោយផ្ទាល់នៅឯសណ្ឋាគារឆ្នេរសុខា ព្រមទាំងអ្នកទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកទាំង ៨ របស់សមាគម និងដៃគូសហការ។
ពិធីសម្ពោធនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រកាសបើកជាផ្លូវការសាខាសមាគមសហគ្រិនវ័យក្មេងកម្ពុជា ខេត្តព្រះសីហនុ និងធ្វើការផ្សព្វផ្សាយអំពីគេហទំព័រចំនួន ៣ ដែលចូលរួមក្នុងការអភិវឌ្ឍអាជីវកម្មនៅកម្ពុជា រួមមាន bizinfo, aseanaccess និង KhmerSME ដែលជាវេទិកាអេឡិចត្រូនិចបណ្តុំទៅដោយព័ត៌មានអាជីវកម្ម ឱកាសវិនិយោគនិងដៃគូអាជីវកម្ម ជាពិសេសធនធានចំណេះដឹងអំពីច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអាជីវកម្ម ទាំងក្នុងប្រទេស និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ បន្ថែមពីនេះ សមាគមបានធ្វើការផ្សព្វផ្សាយសៀវភៅមគ្គុទេសក៍វិនិយោគសម្រាប់ខេត្តព្រះសីហនុ ដែលត្រូវបានចងក្រងឡើងដោយការយកចិត្តទុកដាក់ និងមានការចូលរួមគាំទ្រពីរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមចំណែកគាំទ្រសហគ្រិន និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិសម្រាប់ខេត្តព្រះសីហនុបន្ថែមទៀត។
ពិធីបើកសម្ពោធសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ ត្រូវបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ ដោយថ្នាក់ដឹកនាំខេត្ត ប្រធានសមាគម ក៏ដូចជាដៃគូសហការពាក់ព័ន្ធ និងសមាជិកសមាជិកាសមាគម ដែលជាម្ចាស់អាជីវកម្មទាំងអស់បានប្ដេជ្ញាបន្តខិតខំប្រឹងប្រែងចូលរួមលើកស្ទួយ និងអភិវឌ្ឍអាជីវកម្មធុនមីក្រូ តូច និងមធ្យម គ្រប់វិស័យនៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជាទាំងមូល។
————————————
Contact: (+855) 16 999 762/ 70 263 864
Email: secretariat@yeacambodia.org