សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងស្ថាប័នដៃគូអនុវត្តគម្រោង បានរៀបចំ កិច្ចប្រជុំតម្រង់ទិសសម្រាប់ក្រុមទី២ (Orientation Meeting for Cohort 2) គម្រោង កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម លើអាជីវកម្មបែបឌីជីថល។

March 29, 2022
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងស្ថាប័នដៃគូអនុវត្តគម្រោង បានរៀបចំ កិច្ចប្រជុំតម្រង់ទិសសម្រាប់ក្រុមទី២ (Orientation Meeting for Cohort 2) គម្រោង កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម លើអាជីវកម្មបែបឌីជីថល (MSMEs Incubation Programme on Digitalisation) ដល់ម្ចាស់អាជីវកម្មដែលត្រូវបានជ្រើសរើស ចំនួន៥០នាក់ ក្នុងចំណោមបេក្ខជនទាំង១២៩ដែលបានដាក់ពាក្យចូលរួមក្នុងកម្មវិធី។
កិច្ចប្រជុំនេះមានការចូលរួមពីគណៈអធិបតី ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកស្រី អ៊ីវឯក នឹមនួន ជំនួយការតំណាងប្រចាំប្រទេស និងជាប្រធានកម្មវិធី គោលនយោបាយ និងនវានុវត្តន៍ នៃភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (យូអិនឌីភី )ប្រចាំកម្ពុជា។
ម្ចាស់អាជីវកម្មដែលបានចូលរួមទាំងអស់ បានយល់ច្បាស់ពីគម្រោងកម្មវិធី និងគោលការណ៍នានា ដែលតម្រូវអោយអ្នកចូលរួមទាំងអស់អនុវត្ត ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពរបស់គម្រោងកម្មវិធី។
“កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រាសធុនតូច និងមធ្យម លើអាជីវកម្មបែបឌីជីថល” (MSMEs Incubation programme on digitalization) អនុវត្តដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្រោមការគាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP Cambodia) នៅក្នុងភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រសួងពាណិជ្ជកម្ម (MOC) និងសហគ្រិនខ្មែរ (KE) ក្រោមការអនុវត្តការផ្តួចផ្តើមថ្មីសំខាន់មួយ នៃគម្រោងពង្រីកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា (Go4eCAM) ជាមួយនឹងការផ្តោតលើជំនាញ និងសហគ្រិនភាព សម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (SME eBiZnest) ដែលត្រូវបានផ្តល់ការគាំទ្រហិរញ្ញវត្ថុដោយកម្មវិធី Enhance Integrated Framework (EIF) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។