ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការក្នុងភាពដៃគូជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការគម្រោង “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសខ្នាតតូច និងមធ្យមដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល” ជាភាសាអង់គ្លេសថា “Clinic for MSMEs Digital Acceleration for New Growth in Digital Economy” នៅផ្សារទំនើបអូឡាំព្យាម៉ល ដោយមានសហគ្រិនចូលរួមប្រមាណ១០០នាក់។
ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តមលោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយកខុទ្ទកាល័យ ឯកឧត្តមនាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ឯកឧត្តមបណ្ឌិតប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា Cambodia Academy of Digital Technology (CADT) និងលោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានសម្តែងនូវមនោសញ្ចេតនាគោរព និងអរគុណជាអតិបរិមាដល់ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានផ្តល់ថវិកាគាំទ្រក្នុងការអនុវត្តគម្រោងនេះ ដើម្បីបង្កើនសមត្ថភាពលើផ្នែកបច្ចេកវិទ្យាឌីជីថលសម្រាប់អភិវឌ្ឍអាជីកម្មដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅកម្ពុជា។
ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ដោយមើលឃើញពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យា សេនាធិការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការគ្រប់គ្រងមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោងនេះ។ គម្រោងនេះគាំទ្រដល់សហគ្រិនចំនួន១០០ ដែលរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តផ្សេងៗទៀត ក្នុងការបង្កើតតម្លៃបន្ថែម ដែលនាំឲ្យផលិតផល និងសេវាកម្មមានភាពប្រកួតប្រជែង និងកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា គម្រោង “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសខ្នាតតូច និងមធ្យមដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល” ជាភាសាអង់គ្លេសថា “Clinic for MSMEs Digital Acceleration for New Growth in Digital Economy” នឹងចាប់ផ្តើមអនុវត្តសម្រាប់ក្រុមទី១ ចាប់ពីខែមិថុនាខាងមុខ។ សូមគោរពអញ្ជើញម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមទាំងអស់ដាក់ពាក្យចូលរួមទាំងអស់គ្នាសម្រាប់ក្រុមទី១។