ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ។ ពិធីប្រកាសនេះរៀបចំឡើងក្នុងគោលបំណងដើម្បីចងក្រងបណ្តាញសហគ្រិនក្នុងខេត្តព្រះសីហនុ និងលើកកម្ពស់សហគ្រិនថ្នាក់ក្រោមជាតិ និងយុវជន តាមរយៈការបង្កើតវេទិកាចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព បង្កើតការងារការអភិវឌ្ឍសេដ្ឋកិច្ច និងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។
ពិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារឯករាជ្យ ដែលមានសហគ្រិនចូលរួមដោយផ្ទាល់ ១២៣នាក់ និងចូលរួមពីចំងាយតាមរយៈហ្ស៊ូម(ZOOM) ប្រមាណជាង ១០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាង ឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ, ឧកញ៉ា ប៉ិច បូឡែន អនុប្រធានប្រតិបិត្តិ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាប្រធានសហព័ន្ធសេវាអប់រំកម្ពុជា, លោក ជា មុន្នី ព្រឹទ្ធសមាជិក និងជាថ្នាក់ដឹកនាំគណៈកម្មាការបង្កើតសាខាសមាគមតាមតំបន់ឆ្នេរុ, លោក ហុង ប៊ុនទី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ និង លោក វន សំភាស់ នាយកប្រចាំប្រទេស អង្គការ Aide et Action និង ក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
ក្នុងឱកាសនេះផងដែរ លោកឧកញ៉ា ប៉ិច បូឡែន បានមានប្រសាសន៍ថា៖ “អស់រយៈពេលជាង១៣ឆ្នាំ ដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានបង្កើតឡើង សមាគមមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំទាំងចំនួនសមាជិក និងសកម្មភាពក៏ដូចជាការបង្កើតកម្មវិធីជាច្រើនក្នុងការគាំទ្រាំ និងពង្រឹកវិស័យធុរៈកិច្ច ជាពិសេសសហគ្រិនវ័យក្មេងដែលជាឆ្នឹងខ្នងដ៏សំខាន់របស់សេដ្ឋកិច្ចជាតិដែលមិនអាចខ្វះបាន។”