នារសៀលថ្ងៃទី៤ ខែមិនា ឆ្នាំ២០២២ នៅធនាគារជាតិ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយគណប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយ លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

March 4, 2022
នារសៀលថ្ងៃទី៤ ខែមិនា ឆ្នាំ២០២២ នៅធនាគារជាតិ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយគណប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយ លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំសមាគម ពិភាក្សាការងារ និងលោកជំទាវបានផ្តល់កិត្តិយសទទួលពានកិត្តិយសសហគ្រិនសាធារណៈឆ្នើមឆ្នាំ២០២១ ពីសមាគម។
ឧកញ៉ា ប៉ិច ប៉ូឡែន អនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងថា វីរៈភាព និងស្នាដៃដ៏ធំធេងជាច្រើនដែលមិនអាចកាត់ថ្លៃបាន របស់លោកជំទាវបណ្ឌិត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលមិនអាចថាមិនរំភើប មិនទទួលស្គាល់មិនបាន។ ដូច្នេះក្រុមប្រឹក្សាភិបាល សមាជិកសមាជិការសមាគមសហគ្រិនវ័យក្មេងកម្ពុជាទាំងអស់ដែលជាម្ចាស់អាជីវកម្មប្រមាណ ៨០០ក្រុមហ៊ុន បានបោះឆ្នោតគាំទ្រ ទទួលស្គាល់ និងប្រគល់ពានកិត្តិយសសហគ្រិនសាធារណៈឆ្នើមឆ្នាំ២០២១ ជូនលោកជំទាវបណ្ឌិត។
លោកជំទាវបណ្ឌិត បានផ្តល់កិច្ចស្វាគមន៍យ៉ាងកក់ក្កៅ និងបានវាយតម្លៃខ្ពស់ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលតែងតែលេចធ្លោក្នុងការជួយកសាង និងពង្រឹងសមត្ថភាពដល់សហគ្រាសខ្នាតតូច មធ្យម និងធំនៅកម្ពុជា និងអបអរសាទរសម្រាប់សមិទ្ធិផល ដែលសមាគមសម្រេចបាននាពេលកន្លងមក។
លោកជំទាវបណ្ឌិត បានអំពាវនាវបន្ថែមដល់សហគ្រិន និងបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករទាំងអស់ឲ្យបានចូលរួមប្រើប្រាស់ប្រាក់រៀល អោយបានកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់រូបីយណ្ណ័ជាតិ។