ខេត្តសៀមរាប៖ នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានសហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) រៀបចំ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤” ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិនដែលជាម្ចាស់អាជីវកម្មនៅក្នុងខេត្ត នឹងនៅបណ្ដាខេត្តផ្សេងៗ ក្រោមប្រធានបទ “ទេសចរណ៍ប្រកបដោយនិរន្តរភាព ខេត្តសៀមរាប” ដោយមានអ្នកចូលរួមអបអរសាទរប្រមាណជាជាង ១៥០ នាក់។
កម្មវិធីនេះក៏បានរៀបចំឱ្យមានជាកិច្ចពិភាក្សាតុមូល ដើម្បីអ្នកចូលរួមទទួលបានឱកាសសិក្សារៀនសូត្របន្ថែំមពីបទពិសោធ និងចំណេះដឹងថ្មីៗពីវាគ្មិនជំនាញៗមកពីវិស័យផ្សេងៗ។ កិច្ចពិភាក្សាបានផ្ដោតសំខាន់ទៅលើការផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៅក្នងខេត្តសៀរមរាបឲ្យបានច្រើន ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរបន្ថែមទៀត។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានលើកឡើងនៅក្នុងកម្មវិធីថា “នៅខេត្តសៀមរាប រាល់ការអភិវឌ្ឍ និងការរៀបចំទៅលើផែនការនីមួយៗ ភាគច្រើនគឺមានការចូលរួមពីវិស័យឯកជនទាំងអស់ ដើម្បីរកវិធានការ និងយន្តការ ក្នុងការដោះស្រាយបញ្ហានៅក្នុងខេត្តរបស់យើងឲ្យកាន់តែប្រសើរឡើង”។
ទិវាសហគ្រិនភាពកម្ពុជា ២០២៤ ទទួលបានការចាប់អារម្មណ៍ពីបណ្ដាសហគ្រិនវ័យក្មេង និងយុវជនជំនាន់ក្រោយទូទាំងប្រទេស ហើយមានអ្នកចូលរួមអបអរសាទរជាច្រើនផងដែរ។ ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងរៀងរាល់ចុងឆ្នាំដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់ ដើម្បីចូលរួមក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយនឹងអ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។
សហការរៀបចំ៖
• អង្គការបណ្ដាញសហគ្រិនវ័យក្មេងកម្ពុជា
• ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
• ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
គាំទ្រដោយ៖
• សហគ្រិនខ្មែរ
• គម្រោង Feed the Future Cambodia Harvest III
• ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)
Platinum Sponsor
• ក្រុមហ៊ុន JTI