ជួបសម្ដែងការគួរសម ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា

November 19, 2024

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅ​ស្ថានទូត​ជប៉ុននៅកម្ពុជា ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិក ជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (H.E Mr. UENO Atsushi ) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ក្នុងគោលបំណង​ពិភាក្សា និងសុំយោបល់​អំពី​ឱកាស​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ធុរកិច្ច​កម្ពុជា-ជប៉ុន ដែលក្នុងនោះរួមមានការលើកកម្ពស់គំនិតផ្តួចផ្តើមសេដ្ឋកិច្ចបៃតង ថាមពលពន្លឺព្រះអាទិត្យ និងការនាំចេញគ្រាប់ស្វាយចន្ទី ព្រមទាំងការលើកកម្ពស់ការជួយសម្រួល និងគាំទ្រវិនិយោគិនរវាងប្រទេសទាំងពីរ តាមរយៈអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដូចជាការលើកទឹកចិត្តដល់វិនិយោគិនជប៉ុន ក្នុងការសហការជាមួយសហគ្រិនកម្ពុជាក្នុងស្រុកជាដើម។

ដើម្បីជួយផ្សព្វផ្សាយអំពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជាទៅកាន់វិនិយោគិនជប៉ុន សមាគមក៏បានស្នើឡើងនូវយុទ្ធសាស្ត្រមួយចំនួន ក្នុងនោះរួមមានការបង្កើតមាតិកាដែលមានខ្លឹមសារច្បាស់លាស់អំពីស្ថានភាពសេដ្ឋកិច្ច និងទិដ្ឋភាពវិនិយោគជារួមនៅកម្ពុជា ដើម្បីផ្សព្វផ្សាយ​។ ឯកឧត្តម ឯកអគ្គរាជទូត បានលើកឡើងថា មានកត្តាច្រើនណាស់ដែលក្រុមហ៊ុនជប៉ុនបានគិតគូរ មុននឹងសម្រេចចិត្តពង្រីកខ្លួន ឬបណ្ដាក់ទុនវិនិយោគនៅក្រៅប្រទេស​ ក៏ដូចជានៅកម្ពុជា ហើយកម្ពុជានៅតែជាគោលដៅមួយដ៏មានសក្ដានុពល ជាពិសេសពាក់ព័ន្ធនឹងច្បាប់ស្ដីពីវិនិយោគ និងតម្លៃពលកម្មប្រកួតប្រជែងខ្ពស់ បើធៀបនឹងបណ្ដាប្រទេសនៅក្នុងដំបន់។ ឯកឧត្តមក៏បានកត់សម្គាល់ផងដែរ អំពីបញ្ហាប្រឈមនៃការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនឯកជន ដោយសារតែទំហំទីផ្សារ និងស្ថានភាពសេដ្ឋកិច្ចសកល។ ដោយឡែក ឧកញ៉ា ប៉ិច បូឡែន បានរំលេចថា ការផ្ដល់ធនធានបន្ថែមទៀតសម្រាប់បេសកកម្មបរទេស ជាពិសេសការិយាល័យតំណាងពាណិជ្ជកម្ម (Trade Representative Office) គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីគាំទ្រដល់ការសម្របសម្រួលដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។