“គម្រោងសហគ្រិននារីសកម្មបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនស្រ្តីទាំងកំរិត មីក្រូ តូច និងមធ្យម បូករួមទាំងសហគ្រិនស្ត្រីដែលរកស៊ីលក់ដូរនៅតាមដងផ្លូវជាដើម។វគ្គបណ្តុះបណ្តាលថ្ងៃនេះនឹងចូលរួមចំណែកមួយកំរិតថែមទៀតក្នុងលទ្ធភាពទទួលបានហិរញ្ញប្បទានមូលធនដែលដើរតួយ៉ាងសំខាន់និងជាប្រភពធនធានមួយក្នុងការអភិវឌ្ឍអាជីវកម្មរបស់សហគ្រិនស្ត្រី” លោកស្រី សាប៊ីន យ៉ៅគ្ក នាយិការប្រចាំប្រទេស នៃអង្គការផេកប្រចាំនៅកម្ពុជា ថ្លៃងចំណាប់អារម្មរណ៍ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី “ការៀបចំសម្រាប់មូលនិធិវិនិយោគិន” ដែលមានអ្នកចូលរួមជាសហគ្រិនស្ត្រីចំនួន២៥នាក់ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅទីក្រុងភ្នំពេញ។
មានប្រសាសន៍ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះផងដែរ លោក ប៊ុន សម្បត្តិ អគ្គលេខាធិការ នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងថា៖ “ការគាំទ្រសមាជិកអោយទទួលបាននូវការគាំទ្រហិរញ្ញវត្ថុ (Access to Finance) គឺជាទិសដៅយុទ្ធសាស្រ្តអាទិភាពមួយក្នុង ចំណោម ទិសដៅយុទ្ធសាស្រ្ត សំខាន់ៗរបស់សមាគម។ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានមើលឃើញពីប្រភពធនធានមួយផ្សេងទៀតក្រៅពីហិរញ្ញប្បទានពីធានាគារ គឺហិរញ្ញប្បទានមូលធន (Equity Financing) ដែលសមាគមដាក់ជាយុទ្ធសាស្រ្ត និងបានធ្វើសកម្មភាពជាច្រើនហើយសមាគមក៏បានបង្កើតគណៈកម្មការហិរញ្ញប្បទាន មូលធនសម្រាប់ ជួយដល់សមាជិកសមាគមផងដែរ”។
វគ្គបណ្តុះបណ្តាលដ៍មានសារៈសំខាន់នេះមានការចូលរួមពីគ្រូបណ្តុះបណ្តាល និងវាគ្មិនជំនាញ៖
– ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប និងជាអនុប្រធានប្រតិបត្តិ សមាគមសហគ្រិនវ័យក្មេងកម្ពុជា
– លោក ចាន់ វាសនា អគ្គនាយកក្រុមហ៊ុន APV និងជាអនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា
– លោក យ៉ង់ ប៉ាក់ អគ្គនាយកក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា) ម.ក
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដោយមានការគាំទ្រឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក ដើម្បីអភិវឌ្ឍន៍អន្ដរជាតិ USAID តាមរយៈអង្គការផេកប្រចាំនៅកម្ពុជា។