កិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

November 5, 2024

នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានជួបពិភាក្សាជាមួយអគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) លោក ណូ លីដា ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាលសមាគម ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រង រវាងស្ថាប័នទាំងពីរ។ កិច្ចប្រជុំនេះបានពិភាក្សាអំពីកិច្ចការងារដែលស្ថាប័នទាំងពីរអាចផ្តល់កិច្ចសហការរវាងគ្នា ដើម្បីជំរុញដល់ការទទួលបានកម្ចីកាន់តែប្រសើរដល់សមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

តាមរយៈកិច្ចពិភាក្សា ស្ថាប័នទាំងពីរ បានសិក្សាស្វែងយល់ស៊ីជម្រៅអំពីកត្តារាំងស្ទះ និងបញ្ហាប្រឈមដែលម្ចាស់អាជីវកម្ម សហគ្រិន ជួបប្រទះ និងបានលើកឡើងអំពីសកម្មភាព យុទ្ធសាស្ត្រ ដែលអាចផ្តល់ជាដំណោះស្រាយ និងសម្រួលដល់ម្ចាស់អាជីវកម្ម សហគ្រិន តាមរយៈការសហការជាដៃគូរវាង CGCC និង YEAC និងដៃគូស្ថាប័នហិរញ្ញវត្ថុ។ ផែនការបន្ទាប់ ស្ថាប័នទាំងពីរនឹងធ្វើការរួមគ្នា ដូចជាការរៀបចំវេទិកា សិក្ខាសាលាផ្សេងៗអំពីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលនឹងមានការចូលរួមចែករំលែកដោយ CGCC ដើម្បីលើកកម្ពស់សេដ្ឋកិច្ចយើងទាំងអស់គ្នា។