កម្មវិធី CEO Gathering លើកទី២ ឆ្នាំ២០២២

May 13, 2022
ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ – សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) បានរៀបចំកម្មវិធី CEO Gathering លើកទី២ ឆ្នាំ២០២២ នៅផ្សារទំនើបអូឡាំព្យា Olympia Mall ក្រោមប្រធានបទ៖
១. ទិវាសមាជិកភាព (Membership Day)
២. សៀវភៅមគ្គុទេសវិនិយោគ (Provincial Investment Guides)
៣. ពិធីសម្ពោធ និងដៃគូរគម្រោង (Project Launch and Partners of YEAC)
កម្មវិធីនេះមានវត្តមានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលផ្តល់កិតិយសចូលរួម ជាពិសេស ផ្តល់បទបាឋកថា ពីសៀវភៅមគ្គុទេសវិនិយោគ និងមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ រួមទាំងសមាជិកសមាជិការបស់សមាគមប្រមាណ២០០នាក់ បានចូលរួម និងអបអរសាទរនៅក្នុងកម្មវិធី។
លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាមានប្រសាសន៍ថានេះជាលើកទី២ ក្នុងឆ្នាំ២០២២ ដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំកិច្ចជំនួបសមាជិកដែលជាម្ចាស់អាជីវកម្ម (CEO GATHERING) ក្នុងចំណោមសមាជិក សមាជិកាសមាគម នៅទូទាំងប្រទេស ដើម្បីផ្តល់ឳកាសឲ្យសមាជិក បានទទួលនូវព័ត៌មានសំខាន់ៗ ច្បាប់ គោលនយោបាយសម្រាប់សហគ្រិន និងបង្ហាញពីវឌ្ឍនភាពសមាគម និងសមិទ្ធផលសម្រេចបាន សំខាន់ៗរបស់សមាគមក្នុងពេលកន្លងមក និងលើកទិសដៅសម្រាប់ត្រីមាសបន្ទាប់។ ជាមួយគ្នានេះ កម្មវិធីជំនួបម្ចាស់អាជីវកម្ម ក៏ធ្វើឡើងដើម្បីផ្តល់ឳកាស កសាងបណ្តាញអាជីវកម្មក្នុងចំណោមសមាជិក ជាពិសេសការស្តាប់ពីបញ្ហាប្រឈមក្នុងការធ្វើអាជីវកម្ម និងពិភាក្សារកដំណោះស្រាយសម្រាប់ជួយទៅដល់សមាជិកសមាគមផងដែរ។
កម្មវិធីគឺបានចែករំលែកព័ត៌មានអាជីវកម្មសំខាន់ៗ “មគ្គុទេសក៍វិនិយោគខេត្ត” និងបានអបអរសាទរទិវាសមាជិកភាពសម្រាប់ការចូលរួមសមាជិករបស់ YEAC ជាពិសេសការធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាព និងផែនការរបស់ YEAC ដល់សមាជិក រួមជាមួយការសម្ពោធដាក់ឲ្យដំណើរការគម្រោង “Clinic for MSMEs Digital Acceleration for New Growth in Digital Economy” និងការបង្កើតសហប្រតិបត្តិការជាដៃគូជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ តាមរយៈសមាគមសហគ្រិនវ័យក្មេងកម្ពុជា។