កម្មវិធីសន្និបាទប្រចាំឆ្នាំ២០២១

February 11, 2022
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២:០០រសៀល ដល់ម៉ោង ៥៖០០ ល្ងាច សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំ “កម្មវិធីសន្និបាទប្រចាំឆ្នាំ២០២១” នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាភិបាល ប្រធាន អនុប្រធាន គណៈកម្មាធិការ គណៈកម្មការ សមាជិក សមាជិកា រួមទាំងក្រុមការងារលេខាធិការដ្ឋាន ទាំងថ្នាក់ជាតិ និងគ្រប់សាខាខេត្តទាំង៤ រួមមាន កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ សរុបប្រមាណ ១៥០នាក់។
កម្មវិធីសន្និបាទប្រចាំឆ្នាំ២០២១រៀបចំឡើងក្នុងចំណោមសមាជិក សមាជិកាសមាគម នៅទូទាំងប្រទេស រួមជាមួយម្ចាស់ជំនួយ អ្នកឧបត្ថម្ភគាំទ្រដល់សមាគម ដើម្បីផ្តល់ឳកាសឲ្យសមាជិកទាំងអស់ បានទទួលនូវព័ត៌មានសំខាន់ៗ និងសមិទ្ធផលសម្រេចបានសម្រាប់សមាគម ក្នុងឆ្នាំកន្លងមក និងលើកទិសដៅសម្រាប់ឆ្នាំបន្ត។ ជាមួយគ្នានេះ កម្មវិធីសន្និបាតប្រចាំឆ្នាំរបស់យើង ក៏ធ្វើឡើងដើម្បីផ្តល់ឳកាសកសាងបណ្តាញអាជីវកម្មក្នុងចំណោមសមាជិក ម្ចាស់ជំនួយ និងអ្នកឧបត្ថម្ភគាំទ្រដល់សមាគមផងដែរ។
លោក ស៊ាង សុបញ្ញា ប្រធានសមាគមនសហគ្រិនវ័យក្មេងកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល ដែលសមាគមសម្រេចបានក្នុងឆ្នាំ២០២១ ដែលសម្រេចបានលើសពីផែនការដែលបានដាក់ចេញពីដើមឆ្នាំ២០២១។ លោកគូសបញ្ជាក់ថា សមាគមត្រូវតែខ្លាំង និងធ្វើឲ្យបានកាន់តែច្រើនជាងមុន ដោយត្រូវរកគ្រប់មធ្យោបាយ និងវិធីសាស្ត្រទាំងអស់ដើម្បីជួយដល់សមាជិក សមាជិកា របស់សមាគមក្នុងគ្រាដ៏លំបាកមួយនេះ។ សហគ្រិនត្រូវការលើកទឹកចិត្ត ការគាំទ្រ ការជ្រោមជ្រែង ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដូច្នេះយើងត្រូវបង្កើត និងបង្កើនកិច្ចអន្តរាគមន៍ដល់សហគ្រិនរបស់យើងតួយ៉ាងនៅឆ្នាំ ២០២១សមាគមបានរៀបចំកិច្ចពិភាក្សាចំនួន១២ភាគ ក្នុងក្របខណ្ឌនៃ «កម្មវិធីមគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩» យ៉ាងជោគជ័យក្រោមប្រធានបទ និងវិស័យផ្សេងៗពីគ្នា និងមានសកម្មភាពជាច្រើនដែលបង្កើត និងអនុវត្តដោយគណៈកម្មាធិការ និងក្រុមការងារដើម្បីសម្រេចទិសដៅយុទ្ធសាស្រ្តសមាគម។ សមិទ្ធផលទាំងអស់នេះ នឹងមិនអាចកើតឡើងបានទេ បើគ្មានការសហប្រតិបត្តិការនិងគាំទ្រពីរាជរដ្ឋាភិបាល ដៃគូគាំទ្រ ម្ចាស់ឧបត្ថម្ភ (Partner Sponsor, National, Main and Co-Sponsor) ដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយ ក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់របស់សមាគម។
លោកប្រធានស៊ាង សុបញ្ញា ក៏បាន ជម្រាបជូនផងដែរថា សម្រាប់ឆ្នាំ២០២២នេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជានឹងមានគម្រោងអន្តរាគមន៍មួយចំនួន ដែលគាំទ្រថវិកាពីដៃគូអភិវឌ្ឍន៏ ម្ចាស់ជំនួយ អ្នកឧបត្ថម្ភគាំទ្រនានា និងជាពិសេស សមាគមបានទទួលភារកិច្ចជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសជាតិរបស់យើង ដោយសមាគមបានទទួលភារៈជាម្ចាស់ផ្ទះ និងដឹកនាំក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងអាស៊ាន (AYEC) ក្នុងការរៀបចំព្រឹត្តិការណ៍នានា រួមមានកិច្ចពិភាក្សាគោលនយោបាយលើកិច្ចការធុរកិច្ចតំបន់អាស៊ាន ធុរកិច្ចបង្កើតថ្មី ឌីជីថលសម្រាប់ SMEs សេដ្ឋកិច្ចច្នៃប្រឌិត ក្លឹបសហគ្រិនស្រ្តីអា-ស៊ាន ជាពិសេស កិច្ចប្រជុំធំប្រចាំឆ្នាំ និងមហោស្រពសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ (Young Entrepreneurs Carnival 2022) ដែលនឹងមានការចូលរួមពីប្រទេសសមាជិកអាស៊ាន សហគ្រិនអាស៊ាន និងដៃគូពាក់ព័ន្ធទាំងក្នុងប្រទេស និងតំបន់។
លោកបានសូមអំពាវនាវបន្ថែមទៀតដល់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អ្នកឧបត្ថម្ភគាំទ្រ (Partner Sponsor, National, Main and Co-Sponsor) ព្រមទាំងសមាជិក សមាជិកាទាំងអស់ បន្តកិច្ចសហប្រត្តិបត្តិការ និងឧបត្ថម្ភគាំទ្រដល់សមាគមយើងអោយកាន់តែរីកចម្រើន ជាប្រយោជន៍ដល់ការពង្រឹង MSMEs អោយកាន់តែរឹងមាំ និងរីកចម្រើននៅក្នុងប្រទេស និងក្នុងតំបន់ ក៏ដូចជាជួយសេដ្ឋកិច្ចកម្ពុជា អោយទទួលបានឋានៈជាអ្នកមានប្រាក់ចំណូលមធ្យមនៅឆ្នាំ ២០៣០ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។