សហគ្រិនបានទទួលយកបច្ចេកវិទ្យាឌីជីថល ដែលគាំទ្រដល់គំរូអាជីវកម្មរបស់ពួកគេ ជាពិសេសពីកម្មវិធីបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍអាជីវកម្មបែបឌីជីថល ធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្ម ព្រមទាំងពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួនទាំងក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។
សហគ្រិនចំនួន១០១នាក់ ដែលបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល ស្តីពី អាជីវកម្មបែបឌីជីថល ដោយជោគជ័យ បានចូលរួមក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ដែលទទួលបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយ នាយកប្រតិបត្តិសហគ្រិនខ្មែរ ប្រធានស្តីទីសមាគសហគ្រិនវ័យក្មេងកម្ពុជា មន្ត្រីទទួលបន្ទុកនៅយូអិនឌីភី ប្រចាំកម្ពុជា ក្រុមប្រឹក្សាសមាគម និងមានការចូលរួមពីគ្រូបណ្តុះបណ្តាល។
កម្មវិធីនេះអនុវត្តដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដោយមានការគាំទ្រដោយ ភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP Cambodia) នៅក្នុងភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រសួងពាណិជ្ជកម្ម (MOC) និងសហគ្រិនខ្មែរ (KE) ក្រោមការអនុវត្តការផ្តួចផ្តើមថ្មីសំខាន់មួយ នៃគម្រោងពង្រីកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា (Go4eCAM) ជាមួយនឹងការផ្តោតលើជំនាញ និងសហគ្រិនភាព សម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (SME eBiZnest) ដែលត្រូវបានផ្តល់ការគាំទ្រហិរញ្ញវត្ថុដោយកម្មវិធី Enhance Integrated Framework (EIF) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។